Call us on  604-474-4295

Home » Achar Buddhist Clergy » ប្រវត្តិនិងភ្លេងការពិធីអាពាហ៍ពិពាហ៍ខ្មែរ

ប្រវត្តិនិងភ្លេងការពិធីអាពាហ៍ពិពាហ៍ខ្មែរ

ភ្លេងការប្រពៃណីខ្មែរពិរោះ ស្តាប់កំសាន្តទាំងអស់គ្នា

ស្តាប់ចំរៀងភ្លេងការទាំង១២បទ

ដើម្បីអោយដឹងពីប្រវត្តិវង់ភ្លេងខ្មែរ រៀបរាបអំពីពិធីអភិសេក (ពិធីរៀបការ) របស់បឋមក្សត្ររបស់ខ្មែរព្រះនាង សោមា (លីវយី)ស្ដេចស្រីនគរភ្នំ ជាមួយនិងព្រះបាទ កៅណ្ឌិន្យ (ហ៊ុន ទៀន) ជាជនជាតិឥណ្ឌាមកពីស្រុកឥណ្ឌា ក្នុងវណ្ណៈព្រាហ្មណ៍នៅអាណាចក្រភ្នំ នៅដើម ស. វ ទី១ នៃគ្រឹស្ដសរាជ (គ.ស ៦៨)នេះយើង អានសន្និដ្ឋនាបានថា វងភ្លេងពិតជាបានចាប់កំណើត មុនពិធីរបស់ស្ដេចពីព្រះអង្គខាងលើនេះ ។

តាំងពីអាតីតកាលដ៏យូរលង់មកដល់បច្ចុប្បន្ននេះ ភ្លេងការបានក្លាយទៅជាគោលការណ៍ នៃជីវិតមនុស្ស ក្នុងសង្គមខ្មែរទៅហើយ។វង់ភ្លេងនេះបានដើរតួនាទីសំខាន់បំផុត ក្នុងការរៀបចំឥរិយាបទមនុស្ស រៀបចំឥរិយាបទសង្គមនាំសង្គមឈានទៅរកសេចក្ដីសុខសុភមង្គល ។ បទភ្លេងការទាំងឡាយ និងទំនុកច្រៀងទាំងឡាយ ប្រើប្រាស់ក្នុងពិធីរៀបការ សុទ្ធតែមានគោលបំណង និងទិសដៅច្បាស់លាស់ ក្នុងលក្ខណៈសម្បត្តិអប់រំទាំងអស់ ។

អប់រំអោយមនុស្សស្រលាញ់សម្បត្តិធម្មជាតិ អប់រំអោយស្រលាញ់ជំនឿ អប់រំអោយមនុស្សចេះស្រលាញ់មនុស្ស អប់រំមនុស្សអោយចេះអត់ធ្មត់ចេះទទួលខុសត្រូវក្នុងជីវិត ចេះតសស៊ូទ្រាំក្នុងការលំបាក មានការរស់នៅថ្លៃថ្នូរ ប្រកបដោយគុណធ៌ម សុច្ចរិត និងសច្ចៈធ៌ម។បទភ្លេង និងហបទចម្រៀង ដែលយកមកប្រគំទូលន្មាន ពីដើមពិធីរហូតដល់ចប់ពិធីនៃអាពាហហហ៍ពិពាហ៍ខ្មែរ គឺមានតម្លៃបីដូចជា ធ៌មទេសនារបស់ព្រះពុទ្ធ ដែលតែងតែប្រៀនប្រដៅមនុស្សលោក អោយប្រព្រឹត្តតែអំពើល្អប្រកបដោយសីល។

ការអប់រំប្រកបដោយភ្លេងការនេះ យើងពិនិត្យឃើញការអប់រំបែបសង្គមវិជ្ជាផង អប់រំបែបចិត្តវិជ្ជាផង និងអប់រំបែបទស្សនៈវិជ្ជាផង។ម្យ៉ាងទៀតបទភ្លេងការទាំងអស់ជាប្រភេទបទចម្រៀងដែលមានលក្ខណៈពិសេសរបស់ខ្លួនដែលជះខ្លាំងមកលើសង្គម ដោយបង្កប់នៅអត្តន័យព្រហ្មវិហាធ៌មរបស់ឪពុកម្ដាយគ្រប់រូបចំពោះកូនប្រុស កូនស្រី។

ក្នុងក្រុមភ្លេងនីមួយៗ គេតែងតែជ្រើសរើសមនុស្ស មានចំណាស់ទាំងស្រ្ដីទាំងបុរសជាអ្នកលេង(តន្រ្តីករ)និងជាមនុស្សមិនបែកបាក់មែកធាង(មិនពោះម៉ាយមិនមេម៉ាយ)ជាមនុស្សដែលមានចំនេះដឹងដែលអ្នកផងគួរគោរព។អ្នកលេងភ្លេងម្នាក់ៗ នៃក្រុមវង់ភ្លេងនីមួយៗ ត្រូវក៏សាងខ្លួនអោយបានល្អជាគំរូដល់អ្នកដទៃ តាំងចិត្តដូចជាព្រះសង្ឃ សំដែងធ៌ម ដោយមិនកម្រិតបច្ច័យ ទទួលផលតាមសទ្ធាជ្រះថ្លានៃអ្នកដើមការ។ អ្នកភ្លេងមិនមែនជាអ្នកស៊ីផឹក ប៉ោឡែទេ ពីព្រោះពិធីអាពាហ៍ពិពាហ៍ ជាពិធិមង្គល មិនអោយមានអ្វីដែលជាអប្បមង្គលមានក្នុងពិធីឡើយ។ ក្នុងពេលប្រគុំភ្លេងការ ក្នុងពិធីអាពាហ៍ពិពាហ៍ម្ដងៗ អ្នកលេងភ្លេងត្រូវអង្គុយនៅទីកន្លែងនួយដ៏សមរ្យជាងគេស្មើលោកអាចារ្យ ឬក៏ស្មើកន្លែងដែលកូនស្រីផ្ទឹមចងដៃ ពីព្រោះអ្នលេងភ្លេងក៏ជាមនុស្សប្រៀនប្រដៅគេលោកអាចារ្យដែរ ។

ការប្រើប្រាស់បទភ្លេងក្នុងកម្មវិធីអាពាហ៍ពិពាហ៍ ត្រូវសម្របសម្រួលតាមរយៈពេលរបស់ពិធី វែង ឬខ្លី មិនកំណត់ ។ ពិធីអាពាហ៍ពិពាហ៍ខ្លះមានរយៈពេល ៣យប់ ៣ថ្ងៃ ខ្លះមានរយៈពេល ១យប់ ១ថ្ងៃ និងខ្លះទៀតមានរយៈពេលតែ១ថ្ងៃរឺកន្លះថ្ងៃ តាមចំណង់ចំណូលចិត្តនៃអ្នកដើមការ។

១. បទហោមរោងជាបទប្រើប្រាស់ដំបូងបំផុតនៃអាពាហ៍ពិពាហ៍ខ្មែរត្រង់ពិធីចូលរោង។ បទ នេះប្រគំឡើងសម្រាប់បួងសួង អញ្ជើញស្តេចក្រុងពាលី មេមត់ចាស់ស្រុកភូមិករព្រះធរណី ទេវតា ជីដូនជីតា មេបាចាស់ទុំទាំងអស់ សូមឱ្យជួយផ្តល់សេចក្តីសុខចម្រើនដល់ពិធីរៀបមង្គលការនេះ។ បទ នេះចង់អប់រំថា មនុស្សគ្រប់រូបក្នុងសង្គមតាំងពីថ្នាក់លើដល់ថ្នាក់ក្រោម សុទ្ធតែត្រូវមានទំនាក់ទំនងគ្នា ទាំងទស្សនៈ ទាំងការប្រព្រឹត្តទៅទាំងចិត្តនិយមទាំងសម្ភារៈនិយម ទាំងនៅទីភ្លឺ ទាំងនៅទីងងឹត ត្រូវ មានសមភាពដោយឈរលើច្បាប់សីលធម៌ ច្បាប់គុណធម៌ ដែលជាមាគ៌ានាំសង្គមទៅកាន់សេចក្តីសុខ ចម្រើនសុភមង្គល។

២. បទប៉ុកពើក សម្រាប់ប្រើក្នុងពិធីលើកំណត់ស៊ីស្លាគឺឪពុកម្តាយ ឬបងប្អូនខាងប្រុសស្រីចាប់យកអង្រែទៅបុកល័ក្ត។ បទនេះចង់អប់រំថា ក្រោយពីបានពិសារម្លូរស្លាជាផ្លូវការហើយ ឪពុកម្តាយ ឬញាតិសន្តានខាងស្រី ត្រូវតែទទួលស្គាល់រសជាតិមិនធម្មតានោះ ដោយជាប់មកជាមួយនឹងអ្នកចំណូលថ្មី គឺកូនប្រសារ។ ឪពុកម្តាយក្មេកត្រូវទទួលស្គាល់ និងគ្រប់គ្រងកូនប្រសារ តាមបែបអាកប្បកិរិយាអត់ធ្មត់ និងប្រកបដោយព្រហ្មវិហារធម៌ទាំង៤ប្រការលើកូន។ រីឯកូនស្រី ត្រូវតែប្រព្រឹត្តបរិសុទ្ធ ទាំងចិត្តវាចាកាយឱ្យហ្មត់ខៃដូចនាងបុកល័ក្តទទាក់ឱ្យខៃដែរ។

៣. បទចំបក់រោយ ប្រើសម្រាប់ក្នុងកម្មវិធីហែកំណត់ ត្រង់វគ្គរៀបរាប់មុខជំនូនទាំងឡាយមាន ៣៦មុខជារបស់កូនប្រុសជូនទៅខាងកូនស្រី។ បទនេះចង់អប់រំថា កូនប្រុសត្រូវនាំមកជាមួយនឹងជំនូនរបស់ខ្លួននូវភាពស្មោះត្រង់ និងភាពបរិសុទ្ធ៣៦មុខដែលមិនត្រូវលាក់លៀមមុខណាមួយឡើយ។ ម្យ៉ាងទៀត ឪពុកម្តាយទាំងសងខាង ត្រូវមានព្រហ្មវិហារធម៌ទាំង៤ ចំពោះកូនស្រីកូនប្រុសមាននៅពេលដែលមានកំហុសតិចតួចបីដូចជា ផ្កាចំបក់បានរោយធ្លាក់ដល់ដីយ៉ាងណាក៏ដោយ ក៏ត្រូវរើសយកមកបីបាច់ថែរក្សាក្លិនផ្កាក្នុងក្តីមេត្តាបំផុត។

៤. បទកងសោយ ប្រើក្នុងពិធីសែនក្រុងពាលី សុំទឹកសុំដីរៀបមង្គលការ។ អញ្ជើញស្តេចក្រុង ពាលីមកសោយក្រយាចំណីអាហារបង្អែមចម្អាប និងឱ្យពរជ័យដល់ពិធីមង្គលការ។ បទនេះចង់អប់រំ ថា រាល់ទំនាក់ទំនងប្រកបដោយសេចក្តីគោរពលើ ឬក្រោមត្រូវតែមានពីក្នុងសង្គម មានរូបទៅនឹង សង្គមឥតរូប ដើម្បីបំណងតែមួយគឺ សុភមង្គលក្នុងជីវិត។

៥. បទសារិកាកែវ ប្រើក្នុងពិធីកាត់សក់កូនប្រុសស្រី។ ក្នុងពីធីនេះគេយកមាបង្កើត ឬបងប្រុសបង្កើតទៅកាត់ជើងសក់៣កន្រៃ្ត ឬ៩កន្រ្តៃមុនសិន ទើបប្រគល់ឱ្យទៅជាងកាត់សក់មែនទែនកាត់ បន្តទៀត។ បទនេះចង់អប់រំថា ក្នុងជីវិតម្នាក់ៗ តែងតែជួបប្រទះនឹងឧបសគ្គទុក្ខលំបាកជាច្រើន ដូច សក់ប៉ុន្តែយើងត្រូវតែចេះកាត់កោរតម្រឹម ឧបសគ្គទុក្ខលំបាកទាំងនោះចោលដោយក្រាស កន្រ្តៃ កាំបិតកោរ ប្រេងម្ស៉ៅ ដែលបានមកពីព្រះឥន្រ្ទជារបស់ទិព្វតំណាងអំណាចតេជៈបារមី ដើម្បីបានរស់ក្នុងសុខសុភមង្គល។

៧. ដំរីយោលដៃ ប្រើក្នុងពិធីកាត់ខាន់ស្លា ត្រង់វគ្គប្រាក់ស្នាប់ទឹកដោះ សម្រាប់សងគុណមាតា បិតា និងបងខាងស្រី។ សាមីខ្លួនប្រុសត្រូវលើកផ្កាស្លាទី១(ផ្កាស្លាធំ) ជូនទៅឪពុកផ្កាស្លាទី២ (ផ្កាស្លា កណ្តាល) ជូនទៅម្តាយ និងផ្កាស្លាទី៣ (ផ្កាស្លាពៅ) ជូនទៅបង។ បទនេះចង់អប់រំថា រាល់ទំនាក់ទំនងរវាងមនុស្ស និងមនុស្ស រវាងកូន និងឪពុកម្តាយត្រូវតែស្គាល់គុណគ្នា គោរពគុណគ្នា ដោយបរិសុទ្ធតាមឋានៈ ក្នុងសង្គមទៅវិញទៅមក ដើម្បីបានមកនូវសុខភមង្គលក្នុងសង្គម។

៨. បទផាត់ជាយ ប្រើក្នុងពិធីសុំកូនស្រីមកសំពះផ្ទឹម ត្រង់វគ្គបើកវាំងនន។ បទនេះចង់អប់រំ ថា ក្នុងដំណើរជីវិតមិនត្រូវប្រព្រឹត្តអ្វីតាមទំនើងចិត្ត ដែលប្រាសចាកពីសីលធម៌ ទំនាក់ទំនងរវាងគ្នា នឹង គ្នា ក្នុងសង្គមឡើយ។ ប្រដៅឱ្យគូស្វាមីភរិយាថ្មីនេះ ចេះគោរពគ្នាទៅវិញទៅមក ក្នុងឋានៈជាអ្នកវេញ ខ្សែជីវិតចូលគ្នា ។

៩. បទនាគព័ន្ធ ប្រើក្នុងពិធីសំពះផ្ទឹម ត្រង់បង្វិលពពិលគឺ បង្វិលពពិល៣ ជាទក្ខិណាពត៌មាន ៣ជុំ ៥ជុំ ៧ជុំ ៩ជុំ តាមរាសីកូនប្រុសកូនស្រី។ បទនេះចង់អប់រំថា ដំណើរជីវិតរៀងខ្លួន ត្រូវពាក់ព័ន្ធគ្នា ជារង្វង់មូលព័ន្ធសីមា ដោយភាពស្មោះត្រង់បរិសុទ្ធ ភក្តីរវាងគ្នានិងគ្នា ទើបមានសុភមង្គល។
បទនាគព័ន្ធមានន័យថា៖

១. នាគ (ន) ប្រសើរ, ចម្បង, បរិសុទ្ធ, ស្មោះត្រង់
២. ព័ន្ធ (កិ) ចង, ជាប់, ជំពាក់, ពាក់ព័ន្ធលើគ្នា

៣. នាគព័ន្ធ គឺចងជំពាក់ ពាក់ព័ទ្ធលើគ្នាដោយភាពបរិសុទ្ធ និង ដោយការស្មោះត្រង់។
រីឯពិធីបង្វិលពពិល ជាពិធីបរិសុទ្ធមួយសូម្បីតែអ្នកកំដរដែលជាអ្នកកាន់ពពិល ក៏ត្រូវជានារីព្រហ្មចារីនិងកំលោះបរិសុទ្ធដែរ។ ពិធីនេះជាពិធីសំខាន់ជាងគេបំផុតក្នុងពិធីអាពាហ៍ពិពាហ៍ខ្មែរ ព្រោះពពិលជានិមិត្តរូបនៃពររបស់ព្រះឥសូរ និងនាងឧមារភគវតី។
ពាក្យពពិលដែលខ្មែរយើងប្រើសព្វថ្ងែនេះគឺជាពាក្យយកចេញមកពីពាក្យពពិលពេជ្រ។ ពពិលពេជ្រនេះ ជាពរមកពីព្រះឥសូរមួយ និងរបស់នាងឧមាភវតីមួយ។

ពរទី១គឺ៖ ពពិលរាងដូចស្លឹកពោធិមាសតំណាងឱ្យយោនីរបស់នាងឧមាភវតី ជាប្រពន្ធរបស់ព្រះឥសូរដែលប្រសិទី្ធដោយខ្សាច់ពេជ្រយកពីចក្រវាឡ៍។
ពរទី២គឺ៖ ទៀនមានដែលភ្ជាប់នឹងស្លឹកពោធិមាស តំណាងឱ្យលិង្គព្រះឥសូរ ប្រសិទ្ធដោយថ្មពេជ្រយកពីឋានកៃលាស ជាប់ចង្កេះភ្នំហិមាល័យ។ ផ្សែងទៀនមានក្លិនក្រអូបដូចផ្កា មន្ទាបុស្បពីឋានសួគ៌ានាយ តំណាងឱ្យទឹកកាមរសរបស់ព្រះឥសូរ។ ក្នុងពិធីបង្វិលពពិលគេតែងតែយកដៃបក់ផ្សែង គ្រប់ៗគ្នា គឺគេបក់បញ្ចូលទឹកកាមរសរបស់ព្រះឥសូរ ឱ្យចូលក្នុងច្រមុះមាត់នៃគូស្វាមីភរិយា ដើម្បីគេទាំងពីរនាក់ពេលបានកូនមកគឺជា កូនព្រះឥសូរ។ រីឯអ្នកកំដរ ស្រករព្រហ្មចារីទាំងស្រីទាំងប្រុស ក៏ត្រូវផ្សែងចូលទៅក្នុងពោះដែរតែពួកគេ បានត្រឹមតែមានកម្លាំងខ្លាំងក្លា ដូចព្រះឥសូរប៉ុណ្ណោះ។

សព្វថ្ងៃនេះ នៅក្នុងសង្គមខ្មែរយើងទាំងមូល តែងតែនាំគ្នានិយាយថា បង្វិលពពិល គឺសំដៅបង្វិលពពិលពេជ្រនេះ។
ដូច្នេះយើងឃើញថា ការប្រើបទនាគព័ន្វនៅក្នុងពិធីបង្វិលពពិលនេះ មានលក្ខណៈសមស្របគ្នាណាស់ទាំងឈ្មោះបទភ្លេងទាំងឈ្មោះពិធីគឺ សុទ្ធតែសំដៅទៅរកជ័យជំនៈក្នុងជីវិតទាំងស្រុង។

១០. បទបាយខុនចងដៃ ប្រើក្នុងពិធីសែនចងដៃ ត្រង់វគ្គសែនជីដូនជីតាមេបាចាស់ទុំ ក្នុងពេលផ្ទឹមកូនស្រី កូនប្រុស ដើម្បីបន់ស្រន់ឧទ្ទិសសុំឱ្យវិញ្ញាណក្ខន្ធលោក ដែលបានចាកឋាននៅនោះ អញ្ចើញមកសេពសោយក្រយាទទួលយកសំណែន និងសុំឱ្យវិញ្ញាណក្ខន្ធទាំងនេះទទួលស្គាល់អ្នកទាំងពីរជាគូស្វាមីភរិយា ឱ្យគូស្វាមីថ្មីបានសុខចម្រើនតទៅ។ ឪពុកម្តាយ សាច់ញាតិ សាច់សារលោហិតទាំងឡាយ នាំគ្នាចូលគួចដៃ កូនប្រុសកូនស្រី ដោយអំបោះឆៅពណ៌សម្តងម្នាក់ៗ។ បទនេះចង់អប់រំថា គូស្វាមីភរិយាថ្មី មានកម្មសិទ្ធពេញលេញតាមប្រពៃណីរៀងខ្លួនហើយ ត្រូវចេះស្រឡាញ់កម្មសិទ្ធរៀង ខ្លួនដោយក្តីមេត្តាប្រៀបបាននឹងជីដូនជីតាស្រឡាញ់ចៅ ឬឪពុកម្តាយស្រឡាញ់កូន ជាខ្សែជីវិតតែមួយ មានពណ៌សស្អាត ជាបេះដូងតែមួយមានពណ៌ក្រហមឆ្អៅ ដូចគ្នាជាសេចក្តីសង្ឃឹម និងជាសេចក្តីសប្បាយរីករាយតែមួយ។

១១. បទកន្លង់រតន៍ ប្រើក្នុងពិធីចងដៃកូនប្រុស កូនស្រី ត្រង់វគ្គបាចផ្កាស្លា ប្រសិទ្ធពរជ័យ ដល់គូស្វាមីភរិយាថ្មី ឲ្យមានដំណើរជីវិតល្អផូរផង់ដូចផ្កាស្លា និងមានតម្លៃដូចពេជ្រ។ បទនេះចង់អប់រំ ថា គូស្វាមីភរិយាថ្មីនេះ ត្រូវផ្ដល់ឲ្យគ្នាទៅវិញទៅមកនូវទឹកចិត្តស្រឡាញ់ក្រអូបបរិសុទ្ធមិនអាចកាត់ថ្លៃ បាន ដែលជាកត្តានាំមកនូវសុភមង្គលក្នុងគ្រួសារ។

១២. បទព្រះថោង និងបទនាងនាគ ប្រើក្នុងពិធីហែកូនប្រុសកូនស្រីចូលក្នុងបន្ទប់ ត្រង់វគ្គ កូនប្រុសតោងជាយស្បៃកូនស្រី គឺព្រះថោងតោងស្បៃនាងនាគ ជ្រែកទឹកចុះទៅឋានភុជុង្គនាគ។ បទ នេះចង់អប់រំថាទាំងកូនប្រុស ទាំងកូនស្រី ត្រូវចេះរៀបចំដំណើរជីវិតទាំងពីរ ឱ្យបានប្រសើរថ្លៃថ្លា ដូចព្រះថោងនាងនាគ ដែលជាបឋមក្សត្រនៃដែនដីកោះគោកធ្លក (នគរភ្នំ) ។

ខាងលើនេះ គ្រាន់តែជាឧទាហរណ៍បទភ្លេងខ្លះៗ ដែលយកមកបកស្រាយពន្យល់ជូន ក្នុងចំណោមបទភ្លេងការជាង១៨៨បទ។ បទភ្លេងការទាំងអស់សុទ្ធតែមានលក្ខណៈអប់រំដូចៗគ្នា គឺសំដៅកសាងសុភមង្គលក្នុងសង្គមមនុស្សខ្មែរ តាំងពីអតីតកាលដ៏យូរលង់ រហូតដល់បច្ចប្បន្ន។

Comments are closed.

%d bloggers like this: